GMAC ប្រតិកម្មចំពោះក្រុមការងារគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចុះផ្សាយតាមកាសែតរិះគន់ចំពោះក្រុមការងាររបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលចុះទៅត្រួតពិនិត្យការងារនៅតាមរោងចក្រកាត់ដេរនានាដោយខ្លួនឯង គ្មានការសហការពីមន្ត្រីក្រសួងពាក់ព័ន្ធ និងមានលិខិតអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីចូលទៅត្រួតពិនិត្យការងារនៅតាមរោងចក្រកាត់ដេរ។
សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសរសេរថា សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានសេរីភាពអនុវត្តដោយឆន្ទានុសិទ្ធិរបស់ខ្លួន ថាតើខ្លួនចង់ផ្ដល់លទ្ធភាពឲ្យមន្ត្រីរបស់ក្រុមការងារគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចូលទៅក្នុងរោងចក្ររបស់ខ្លួន ឬអត់ នៅពេលដែលមន្ត្រីនោះចុះទៅដោយគ្មានតំណាងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលទៅជាមួយ។
ចំណុចមួយទៀតដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានរិះគន់ចំពោះក្រុមការងាររបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺកម្មវិធីចេញផ្សាយរបាយការណ៍ជាសាធារណៈ។ មន្ត្រីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ក្រុមការងាររបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា មិនបានទុកពេលវេលាគ្រប់គ្រាន់ឲ្យតំណាងរោងចក្រ ឬមន្ត្រីរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឆ្លើយតបនឹងចំណុចអវិជ្ជមាននានា ដែលលើកឡើងនៅក្នុងរបាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
លោក ជាតិ ខេមរា ជាអ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូបរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣ តុលា ថា ការផ្សាយពីចំណុចអវិជ្ជមានរបស់រោងចក្រកាត់ដេរនានា អាចធ្វើឲ្យប៉ះពាល់ដល់ការបញ្ជាទិញទំនិញ។
ឆ្លើយតបចំពោះការផ្សាយសេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នេះ លោក គាំ ទិវា មន្ត្រីទំនាក់ទំនងព័ត៌មានរបស់អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) ដែលគ្រប់គ្រងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា មានប្រសាសន៍ថា គេមិនអាចរង់ចាំចម្លើយពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ទាក់ទងជាមួយកម្មវិធីចេញផ្សាយរបាយការណ៍ជាសាធារណៈបានទេ ពីព្រោះវាហួសពេលកំណត់ និងចំពោះការសហការពីបណ្ដារោងចក្រឲ្យមន្ត្រីរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចូលទៅក្នុងរោងចក្រ ឬអត់នោះ លោក គាំ ទិវា មានប្រសាសន៍ថា រោងចក្រណាសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺបានទទួលផលប្រយោជន៍ទៅវិញទេ ពីព្រោះអ្នកបញ្ជាទិញទាំងអស់គេមានជំនឿលើរបាយការណ៍ត្រួតពិនិត្យនោះ ហើយគេនឹងបញ្ជាទិញទំនិញពីរោងចក្រណាដែលមានរបាយការណ៍ត្រួតពិនិត្យរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
លោក គាំ ទិវា បានពន្យល់ថា ការធ្វើរបាយការណ៍ត្រួតពិនិត្យរបស់មន្ត្រីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺផ្ដោតទៅលើចំណុចជាច្រើន ដូចជាពលកម្មកុមារពលកម្មដោយបង្ខំ សុវត្ថិភាពក្នុងពេលមានអគ្គិភ័យ និងការរើសអើងកម្មករក្នុងការបង្កើតសហជីពជាដើម។
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានបង្កើតឡើងក្រោមការគ្រប់គ្រងរបស់អង្គការអន្តរជាតិខាងការងារ ដើម្បីជួយត្រួតពិនិត្យអំពើល្មើសច្បាប់នៅតាមរោងចក្រកាត់ដេរនៅកម្ពុជា និងជាជំនួយដល់ក្រុមហ៊ុនបញ្ជាទិញទំនិញធំៗ លើពិភពលោកដើម្បីចៀសវាងការទិញទំនិញពីរោងចក្រ ដែលមិនគោរពបទដ្ឋានអន្តរជាតិ ដូចជាការប្រើពលកម្មកុមារជាដើម៕
.jpg)
No comments:
Post a Comment